កំពង់ស្ពឺ: នគរបាលនិងតំណាងអយ្យការអមសាលាដំបូងខេត្តបានធ្វើការឡោមព័ទ្ធចម្ការឫស្សីមួយកន្លែងរបស់មន្ត្រីយោធាយោធភូមិភាគ៣ដែលគេស្គាល់ច្បាស់ថាជាមេឈ្មួញឈើប្រចាំស្រុកឱរ៉ាល់យូរណាស់មកហើយបានជោគជ័យខ្លះជាប់គុកខ្លះតែចេញមកវិញប្រព្រឹត្តិដដែលបានធ្វើទាហានពាក់ស្បែកខ្លាដដែល ។
ការបង្ក្រាបនេះបានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីមេឈ្មួញរូបនេះបានប្រមូលទិញឈើយកទៅលាក់ទុកក្នុងដីចម្ការឫស្សីរបស់ខ្លួនក្រោយការចូលដល់ទីតាំងនោះដោយមានតំណាងអយ្យការនិងអភិបាលរងខេត្តចូលរួមផងនោះ សមត្ថកិច្ចបានរកឃើញឡចម្រាញ់ប្រេងខ្មៅមួយបន្ថែមទៀតពីលើនេះ ។
អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺបន្ទាប់ពីសមត្ថកិច្ចបានតាមដានធ្វើការបង្ក្រាបការលាក់ឈើទុកក្នុងដីចម្ការឫស្សីនេះស្រាប់តែមេឈ្មួញរូបនេះបានបាញ់ប្រមាណជិត១០គ្រាប់ជាការគំរាមលើសមត្ថកិច្ចរហូតដល់មានការស្នើសុំដីកាចូលឆែកឆេរទីតាំងនេះតែម្តង ។
ការចុះឆែកឆេរទីតាំងស្តុកឈើរបស់មេឈ្មួញរូបនេះធ្វើឡើងនារសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៤៤ចំណុចស្ទឹងតាថកគីឡូម៉ែត្រ៥៨-៥៩ ក្នុងភូមិដំបងវិញ ឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជអាជ្ញារង វ៉ិត មឃ: ដោយមានលោក សុខភា អភិបាលរងខេត្តចូលរួមព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត ។
យោងតាមប្រភពពីនគរបាលមូលដ្ឋានបានអោយដឹងថា កម្លាំងបានតាមដានការដឹកជញ្ជូនឈើរបស់ម្ចាស់ចម្ការនេះ តាំងពីថ្ងៃទី៦រហូតដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០បានរាយការណ៍បឋមជូនថ្នាក់លើអោយបានជ្រាបផងដែរថានៅក្នុងបរិវេណដីរបស់ឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាភូមិភាគ៣ មានទីលំនៅភូមិផ្សារកន្តួតឃុំសង្កែសាទបស្រុកឱរ៉ាល់បានលាក់ឈើជាច្រើនដុំនៅក្នុងត្រពាំងទឹកមួយក្នុងដីចម្ការឫស្សី(ស្ទឹងតាដុក)ផ្លូវ៤៤ km៥៨-៥៩ ស្ថិតនៅភូមិដំបងវេញឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ។
បន្ទាប់ពីបែកធ្លាយមេឈ្មួញពាក់ស្បែកខ្លារូបនេះបានត្រៀមធ្វើសកម្មភាពដឹកចេញតាមរថយន្តកុងតឺន័រតែចេញមិនរួចកាលពីយប់ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២០កន្លងមកដោយឈ្មោះ ជឿង ថេង ។
ទោះបីសហការប្រព្រឹត្តជាមួយមន្ត្រីនគរបាលស្រុកស័ក្តិ៣លោក អ៊ុំ លីប៉េង មានឋានៈជានាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ក្ដី ក៏មិនអាចរំដោះចេញបានដែរ ។
ប្រភពបន្តថាក្រោយពីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំនិងសុំគោលការណ៍ចុះឆែកឆេររួចមកនៅយប់ថ្ងៃទី៩ខែកក្កដា ២០២០ ឈ្មោះ ជឿង ថេង ដែលជាម្ចាស់ចម្ការបានជិះរថយន្ដរបស់ខ្លួនមកស្រែកឡូឡាហើយបានដកអាវុធខ្លីបាញ់ឡើងលើប្រមាណជិត១០គ្រាប់ដើម្បីគំរាមមកលើសមត្ថកិច្ច ។
បើទោះជាបែបនេះក្តីសមត្ថកិច្ចមិនខ្លាចញញើតនឹងឈ្មួញរកស៊ីឈើដែលជាមន្ត្រីយោធារូបនេះឡើយបន្តស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីសហការចុះឆែកឆេរនិងបង្ក្រាប។
ជាលទ្ធផលសមត្ថកិច្ចរកឃើញឈើប្រណីតជាច្រើនដុំដែលឈ្មួញឈើរូបនេះបានប្រើកម្មករឲ្យសែងទៅទម្លាក់ទឹកស្រះលាក់ទុកក្រោយពីបែកធ្លាយ ដោយចុះមុជរាវរកនិងស្រង់ឈើយកឡើងគោកវិញ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកឪរ៉ាល់បានបញ្ជាក់ថានៅវេលាថ្ងៃដដែលក្រោយពីរកឃើញឈើដែលលាក់ទុកនៅក្នុងស្រះទឹករួចមកសមត្ថកិច្ចបានបន្តរកឃើញឡចម្រាញ់ប្រេងខ្មៅបន្ថែមមួយទៀតដែលម្ចាស់ទីតាំងនេះលួចបង្កើតឡើងដោយគ្មានច្បាប់អនុញ្ញាត ។
សមត្ថកិច្ចបានរកឃើញសំបកគ្រាប់អាវុធខ្លីប្រភេទកា៥៩ចំនួន៤គ្រាប់នៅក្នុងបរិវេណជិតខ្លោងទ្វារចូលដូចសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលយាមការពារគោលដៅរាយការណ៍ជូនថ្នាក់ដឹកនាំពិតប្រាកដមែន ។
សូមរំលឹកថាឈ្មួញរកស៊ីឈើរូបនេះធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងចាប់ខ្លួនដាក់ពន្ធនាគារចំនួន២ដងរួចមកហើយប៉ុន្តែក្រោយពីចេញមកវិញនៅតែបន្តសកម្មភាពជាឈ្មួញដឹកឈើល្មើសច្បាប់ដដែល ៕







