ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាស្ដីពីកម្មវិធីរួមគ្នាដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់កាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០នៅទីស្ដីការក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គមនិងសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ-១៩។
ដើម្បីប្រយុទ្ធនិងដោះស្រាយផលប៉ះពាល់បណ្ដលមកពីវិបត្តិនេះ រាជរដ្ឋាភិបាលបានបង្កើតយន្តការនិងដាក់ចេញវិធានការជាបន្តបន្ទាប់ជាក់ស្ដែងនៅថ្ងៃនេះរាជរដ្ឋាភិបាលបានបន្តកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដើម្បីរួមគ្នាជួយពលរដ្ឋជាជនទេសន្តរប្រវេសន៍ក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩។
សម្ដេចបានសន្និដ្ឋានថាមកដល់ពេលនេះប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរដោយបានធ្វើឱ្យផលិតកម្មកសិកម្មងើបឡើងវិញនិងសកម្មភាពសេដ្ឋកិច្ចនានាមានសកម្មភាពឡើងវិញ។
ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩គ្រប់ទីកន្លែងសម្ដេចឧបនាយករដ្ឋមន្ត្រីបានចាត់ទុកលទ្ធផលនេះគឺជាស្នាដៃកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ និងការចូលរួមគាំទ្រពីក្រសួងស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋបណ្ដាប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ក្នុងនោះក៏មានភ្នាក់ងារអង្គការសហប្រជាតិផងដែរ។
សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិដែលបានអនុម័តគម្រោងថវិកាចំនួន១លានដុល្លារអាមេរិកដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងរាជរដ្ឋាភិបាលក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍និងការពារការចម្លងជំងឺដល់សហគមន៍។
សម្ដេចសង្ឃឹមថាភាគីទាំងពីរនឹងចូលរួមមតិយោបល់ល្អៗដើម្បីជួយឱ្យការអនុវត្តគម្រោងនេះទទួលបានលទ្ធផលល្អប្រសើ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែងការគាំទ្រចំពោះផែនការសកម្មភាពនេះនិងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចូលរួមគាំទ្រឱ្យបានល្អ។
សម្ដេចក៏បានស្នើឱ្យក្រុមការងារបច្ចេកទេសជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធបន្តកិច្ចសហការឱ្យបានជិតស្និតជាមួយភ្នាក់ងារតំណាងអង្គការសហប្រជាតិនិងត្រូវប្រជុំឱ្យបានទៀងទាត់ដើម្បីតាមដានការអនុវត្តគម្រោងនេះ។
គួរកត់សំគាល់ថាក្នុងរយៈពេលជាង៣ខែដែលប្រទេសថៃបិទព្រំដែនជាមួយកម្ពុជាមានប្រជាពលរដ្ឋជាពលករទេសន្តរប្រវេសន៍បានវិលត្រឡប់ប្រមាណជាជាង១០ម៉ឺននាក់ក្នុងនោះស្ត្រីប្រមាណ៥០ភាគរយនិងកុមារ៣ភាគរយ។
នេះបើតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលបានលើកោឡើងអង្គប្រជុំនេះ។
នាឱកាសនោះដែរលោកស្រី ផូលីន ថាម៉េស៊ីស ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាពិសេសក្រសួងមហាផ្ទៃសម្រាប់ការប្ដេជ្ញាចិត្តនិងការដឹកនាំក្នុងការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ជនទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ ក្នុងនាមជាក្រុមងាយរងគ្រោះមួយដ៏សំខាន់ដែលរងផលប៉ះពាល់ពីការរាត្បាតនៃជំងឺកូវីដ១៩។
ក្នុងនាមតំណាងអង្គការសហប្រជាជាតិលោកស្រីរួមទាំងបណ្ដាតំណាងអង្គការអន្តរជាតិនានារបស់អង្គការសហប្រជាជាតិ បានបង្ហាញការពេញចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីជួយសម្រួលការលំបាករបស់ពលរដ្ឋជាពលករទេសន្តរប្រវេសន៍និងពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។
សូមជម្រាប់ថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដោយបានបែងចែកក្រុមការងារប្រតិបត្តិការចំនួនពីរដើម្បីទប់ទល់នឹងវិបត្តិជំងឺឆ្លងសាកលនេះគឺទី១ក្រុមការងារប្រតិបត្តិការបច្ចេកទេសនិងផ្គត់ផ្គង់និងទី២ក្រុមការងារប្រតិបត្តិការអប់រំបណ្ដុះបណ្ដាលនិងអប់រំសាធារណៈ។
ក្នុងស្ថានភាពប្រឈមនេះ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារចំពោះកិច្ចចំនួន៤ទៀតរួមមានក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់និងថ្លៃទំនិញយុទ្ធសាស្ត្រ, ក្រុមការងារចំពោះកិច្ចគ្រប់គ្រងយន្តការជំនួយសង្គម, ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកានិងជំនួយសង្គម, ក្រុមការងារបចច្ចេកទេសចម្រុះចំពោះកិច្ចដើម្បីគ្រប់គ្រងរៀបចំដាក់ចេញនូវកញ្ចប់ថវិកាខាងរូបិយវត្ថុនិងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ ៕


