អន្តរជាតិ: កងកម្លាំងពិសេសអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃពុធនេះថាយ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធតាលីបង់៦នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅក្នុងខេត្តចំនួនពីររបស់អាហ្វហ្គានីស្ថានភាគខាងត្បូង ។
អង្គភាពប្រតិបត្តិការពិសេសកងទ័ពជាតិអាហ្វហ្គានីស្ថាន (ANASOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មប្រយុទ្ធតាលីបង់ ៦ នាក់ត្រូវបានសម្លាប់និង ២ នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលការវាយប្រហារតាមអាកាសនៅស្រុក Arghandab នៃខេត្ត Zabul និងស្រុក Maiwand នៃខេត្ត Kandahar ដែលនៅជិតខាង” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថាការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់កម្លាំងជើងគោក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានវាយលុកប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ។
សេចក្តីថ្លែងការណ៍មិនបានផ្តល់ព័ត៌មានលម្អិតថាតើរឿងរ៉ាវទាំងនោះត្រូវបានធ្វើឡើងដោយកងទ័ពអាកាសអាហ្វហ្គានីស្ថានឬអង្គការណាតូនិងកងកម្លាំងចម្រុះរបស់សហរដ្ឋអាមេរិកឬក៏យ៉ាងណានោះទេ ។
ចំណែកក្រុមសកម្មប្រយុទ្ធក៏មិនបានឆ្លើយតបនឹងរបាយការណ៍នេះផងដែររហូតមកដល់ពេលនេះ ។
អំពើហិង្សានៅតែបន្តកើតមាននៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានចុះហត្ថលេខារវាងសហរដ្ឋអាមេរិកនិងតាលីបង់នៅប្រទេសកាតាកាលពីខែកុម្ភៈដែលបានត្រួសត្រាយផ្លូវសម្រាប់ការដកកម្លាំងរបស់សហរដ្ឋអាមេរិកជាដំណាក់កាល ។
យោងតាមកិច្ចព្រមព្រៀងនេះកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពអង្គការណាតូប្រមាណ១ម៉ឺននាក់ដែលឈរជើងនៅប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវដកចេញនៅខែកក្កដាឆ្នាំក្រោយ ៕
