ករណីចាប់ជនរងគ្រោះក្នុងអំពើយកទៅដុតទាំងរស់នៅខេត្តព្រះសីហនុបណ្តាលអោយប៊ះស្លាប់និងពិការអស់មួយជីវិត​ជនរងគ្រោះដាក់ពាក្យប្តឹងមន្ត្រីធំៗ៤រូបនៃខេត្តនេះទៅACU​ឲ្យជួយរកយុត្តិធម៌

ករណីចាប់ជនរងគ្រោះក្នុងអំពើយកទៅដុតទាំងរស់នៅខេត្តព្រះសីហនុបណ្តាលអោយប៊ះស្លាប់និងពិការអស់មួយជីវិត​ជនរងគ្រោះដាក់ពាក្យប្តឹងមន្ត្រីធំៗ៤រូបនៃខេត្តនេះទៅACU​ឲ្យជួយរកយុត្តិធម៌

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​: បុរសម្នាក់ដែលជាជនរងគ្រោះរបួសពេញខ្លួន និងពិការអស់មួយជួយជីវិតក្នុងអំពើចាប់ដុតទាំងរស់នៅក្នុងខេត្តព្រះសីហនុបានដាក់ប្តឹងប្រធានស្ថាប័នតុលាការចៅក្រមស៊ើបសួរ, ព្រះរាជអាជ្ញា និងមេបញ្ជាការកងរាជអាវុធហត្ថ នៃខេត្តនេះទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីស្នើសុំបើកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់ទាំងអស់នេះ ដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការការពារឧក្រិដ្ឋជន។

ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ដែលអ្នកសារព័ត៌មានទទួលបានបុរសរងគ្រោះមានឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំរស់នៅក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុបានប្តឹង

Sponsor

១/លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ,
២/លោក សៀង សុខ ព្រះរាជាអាជ្ញានៃអយ្យការអម​សា​លា​ដំបូងខេត្តព្រះសីហនុ,
៣/លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសី​ហនុ
៤/លោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុនិងជាចៅក្រមស៊ើបសួរទៅឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថាមន្ត្រីជាន់ខ្ពស់ដូចខាងលើនេះមានចេតនាបិទបាំងការពារឧក្រិដ្ឋជនម្នាក់ ឈ្មោះ លី ស្រេង ភេទប្រុសអាយុ៤៨ឆ្នាំមានទីលំនៅភូមិ២ សង្កាត់លេខ២ក្រុងព្រះសីហនុខេត្តព្រះសីហនុឲ្យរួចផុតពីការឃុំខ្លួនករណីចាប់មនុស្សដុតទាំងរស់។

លោក ស៊ុយ ប៊ុនថាន បានរំឭកប្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងពាក្យបណ្តឹងនេះថា៖ «កាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០១៩ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហារឃោរឃៅនិងព្រៃផ្សៃបំផុត ចំពោះរូបលោកដោយចាក់សាំងដុតសម្លាប់ខ្ញុំបាទ… ដែលធ្វើបានធ្វើឲ្យខ្ញុំបាទឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង​​​និងត្រូវបានបញ្ជូនមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ចំណែកជនឧក្រិដ្ឋឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចាប់វាយខ្មោះនៅនឹងកន្លែងភ្លាមៗតែម្តង។

ប៉ុន្តែកងរាជអាវុធហត្ថខេត្តព្រះសីហនុមិនបានបញ្ជូន​ឧក្រិដ្ឋ​ជនឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឡើយគឺបានបិទបាំងសំណុំរឿងសំណុំឧក្រិដ្ឋជនជាក់​ស្តែងនេះចោទតែម្តង។»

ជនងរងគ្រោះបានជម្រាបជូនឯកឧត្តម ឱម យិនទៀង ទៀតថាក្រោយមកខ្លួនបានដាក់បណ្តឹងទៅអយ្យការអមសាលា​ដំបូងខេត្តដែលបានផ្តើមចោទប្រកាន់ជនដៃដល់ឈ្មោះ លី ស្រេង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនាប៉ុន្តែតុលាការ បានសម្រេចដោះលែងឲ្យឧក្រិដ្ឋជនឲ្យមានសេរីភាពទៅវិញ ដែលរហូតមកដល់ពេលនេះមិនទាន់ចាប់ខ្លួនមកផ្ទន្ទាទោសតាមច្បាប់នៅឡើយទេ។

លោក ស៊ុយ ប៊ុនថាន បន្តថា៖ «ភាពមិនប្រក្រតីជាប្រព័ន្ធរបស់មន្ត្រីជាន់ខ្ពស់ទាំង៤នាក់ខាងលើគឺបង្ហាញឲ្យឃើញថា​​​ មានការប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់បំបិទសំ​ណុំរឿងឧក្រិដ្ឋជាក់ស្តែងផ្អឹមសំណុំរឿងឧក្រិដ្ឋចោលមានចេត្តនាមិនឃុំខ្លួនឧក្រិដ្ឋជនឈ្មោះ លី ស្រេង ដោយបណ្តោយឲ្យនៅក្រៅឃុំមានសេរីភាពនិងអូសបន្លាយពេល ទុកសំណុំរឿងឧក្រិដ្ឋអស់រយៈពេលជិត២ឆ្នាំ។»

ជនរងគ្រោះព្រោះអំពើចាប់ដុតទាំងរស់រូបនេះបានសំណូម​ពរឲ្យឯកឧត្តម ឱម យិនទៀង មេត្តាពិនិត្យនិងចុះស៊ើបអង្កេតលើជនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើដោយក្តីអនុគ្រោះ៕