កណ្តាល: នគរបាលប៉ុស្តិ៍កំពង់សំណាញ់ក្រុងតាខ្មៅបានទទួលពាក្យបណ្តឹងពីបងប្អូននិងកូនជនរងគ្រោះកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលប្រើអំពើហិង្សាដោយចេតនាលើប្រពន្ធរហូតដល់បាត់បង់ជីវិតនិងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី ។
ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ណុប សុវណ្ណារៈ អាយុ៤៥ឆ្នាំស្នាក់នៅក្នុងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅមុខរបរជាជាងភ្លើងនិងមានផ្ទុកជំងឺអេដស៍ផងដែរ ។
ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ស៊ុម ស្រីមឿន អាយុ៣៧ឆ្នាំជាកម្មករសំណង់មានផ្ទៃពោះ៦ខែបានបាត់បង់ជីវិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះរៀបរាប់ឲ្យសមត្ថកិច្ចដឹងថាកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២០នៅក្នុងការដ្ឋានសំណង់ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅជនសង្ស័យបានផឹកស្រាស្រវឹងហើយឈ្លោះប្រកែកជាមួយប្រពន្ធបន្ទាប់មកជនសង្សយ័នេះបានទាត់ប្រពន្ធ១ជើងចំចង្កេះហើយមកដល់ថ្ងៃទី៩ខែកក្កដាវេលាម៉ោង១០ព្រឹកដោយប្រពន្ធមានអាការក្តៅ និងរងារក្នុងខ្លួនក៏បានជិះម៉ូតូឌុបមកជួបបងប្អូននៅស្ទឹងមានជ័យរាជធានីភ្នំពេញ ។
ពេលនោះបងប្អូនបានជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យសុខភាពដោយជនរងគ្រោះបានរៀបរាប់ប្រាប់បងប្អូននិងកូនប្រុសឈ្មោះ តូ លីហ័រ ជាកូនប្តីមុនថាគាត់ត្រូវប្តីវាយទាត់ធាក់បណ្តាលឲ្យមានរបួសជាំត្រគាកដៃឆ្វេងនិងជាំភ្នែក ។
លុះសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន៧ថ្ងៃមកដល់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១និង៥៧នាទីរំលងអធ្រាត្រ ដោយសារអាការធ្ងន់កូនក្នុងពោះក៏បាត់បង់ជីវិតចំណែកឯម្តាយវិញមានជំងឺរលាកសួតនិងមានផ្ទុកជំងឺអេដស៍ផងនោះ ក៏បានបាត់បង់ជីវិតដែរ ។
ក្រោយការបាត់បង់ជីវិតនេះបងប្អូននិងកូនបានឯកភាពគ្នាយកសពទៅបូជានៅវត្តទឹកថ្លាខណ្ឌសែនសុខក្រោយពីធ្វើបុណ្យបូជាសពរួចរាល់ក្រុមគ្រួសារសាច់ញាតិបងប្អូននិងកូនជនរងគ្រោះបានសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ក្រុងតាខ្មៅដើម្បីឲ្យឃាត់ខ្លួនជនជាប្តីយកទៅចាត់ការតាមផ្លូវច្បាប់ ។
តាមក្រុមគ្រួសារបានឱ្យដឹងថាស្ត្រីដែលបាត់បង់ជីវិតនេះមានកូន៤នាក់និងមានប្តី៣នាក់ដែលប្តីទី១ មានកូន៣នាក់ក៏លែងលះគ្នាក្រោយមកយកប្តីទី២មានកូនម្នាក់និងបានបាត់បង់ជីវិតទៅដោយសារកើតជំងឺអេដស៍ ។
បន្ទាប់មកទៀតក៏បានយកប្តីទី៣ទៀតជាមនុស្សប្រមឹកមានកូនស្រីម្នាក់បច្ចុប្បន្នអាយុ៣ឆ្នាំនិងកំពុងមានផ្ទៃពោះ៦ខែទៀត ។
ពេលនេះស្ត្រីអភ័ព្វបានបាត់បង់ជីវិតទៅជាមួយនឹងកូនក្នុងផ្ទៃបញ្ចប់ជីវិតរងកម្មឯបុរសជាប្តីរូបនេះវិញដែលក្លាយជាអ្នកទោសប្រហែលជាដេកក្នុងគុកគ្មានថ្ងៃចេញនោះទេ ៕

