កណ្តាល: អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្នុងបូរីមានសន្តិសុខយាមត្រឹមត្រូវតែពួកគាត់ដើរល្បាតតែខាងមុខផ្ទះប៉ុណ្ណោះមិនបានដើរទៅខាងក្រោយផ្ទះនោះឡើយដែលជាឱកាសល្អធ្វើឲ្យក្រុមចោរចូលលួចគាស់ផ្ទះប្រជាពលរដ្ឋពីខាងក្រោយផ្ទះយកទ្រព្យសម្បត្តិអស់រាប់សិបម៉ឺនដុល្លារហើយគេចខ្លួនបាត់ដោយមិនរំខានក្រុមសន្តិសុខបុរីពិភពថ្មីក្រុងតាខ្មៅឡើយ។
នគរបាលក្រុងតាខ្មៅបានរាយការណ៍ពីករណីចោរលួចអំពើលួចគាស់ផ្ទះដែលកើតហេតុនៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង០០និង០៦នាទីចំណុចផ្ទះលេខ១១១ផ្លូវលេខ១A បូរីពិភពថ្មី២ក្រុម៤១ភូមិព្រែកសំរោង៣សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អាង ឌី ភេទស្រីអាយុ៣១ឆ្នាំមុខរបរៈដូរលុយមានទីលំនៅភូមិសង្កាត់កើតហេតុ ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)បាត់បង់រួមមាន១/ទូរទស្សន៍២គ្រឿង(LEDទំហំ៤២អ៉ីង)
២/ទូរដែក១៖ក្នុងនោះមានលុយចំនួន៤២០០០ដុល្លារ។
៣/កុំព្យូទ័រ Leb top ២គ្រឿង។
៤/ខ្សែករប្លាកទីនទំនង់៥ជីចំនួន១ខ្សែ។
៥/ខ្សែករមាស២ខ្សែទំនង់៣ដំឡឹង។
៦/ឯកសារមួយចំនួន។
នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១០ព្រឹកជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានចាក់សោផ្ទះមុខក្រោយ ហើយចាកចេញពីផ្ទះទៅស្រុកកំណើតដោយគ្មានអ្នកនៅចាំផ្ទះឡើយ។
លុះដល់យប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០វេលាម៉ោង០០និង៥នាទីទើបត្រឡប់មកពីស្រុកវិញចាក់សោផ្ទះខាងមុខឃើញមានសំភារៈក្នុងផ្ទះរប៉ាត់រប៉ាយមានបាត់ទូរទស្សន៍ក៏ដើរមកមើលខាងក្រោយឃើញរបើកបង្អួចឡើងមើលក្នុងបន្ទប់ ឃើញរបើកទូររើសខោអាវពាសពេញបន្ទប់និងបាត់ទូរដែក ដែលមានទ្រព្យសម្បត្តិដូចមានខាងលើ។
ក្រោយមកជនរងគ្រោះបានទូរស័ព្ទរាយការណ៍ទៅលោកអធិការនគរបាលក្រុងតាខ្មៅបញ្ជាមកប៉ុស្តិ៍រដ្ឋបាលតាខ្មៅចុះអន្តរាគមន៍ដើម្បីពិនិត្យដល់កន្លែងកើតហេតុខាងលើដើម្បីស្រាវជ្រាវរកជនសង្ស័យចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថាផ្ទះជនរងគ្រោះជាប្រភេទផ្ទះវីឡាកូនកាត់មានទំហំ៤,១ គុណ ១២ ម៉ែត្រមាន២ជាន់ដោយជាន់ខាងលើមាន២បន្ទប់ជាន់ក្រោមមានបន្ទប់ទឹកមួយខាងក្រោយផ្ទះសល់ដី៥ម៉ែត្រមានធ្វើរបងកំពស់២ម៉ែត្រចំនែកខាងក្រៅរបងផ្ទះខាងជើងដែលស្ថិតនៅខាងក្រោយផ្ទះវិញជាដីវាលនិងដីព្រៃមានទំហំប្រហែល១០ហិចតាងាយស្រួលឲ្យក្រុមជនសង្ស័យចូលធ្វើសកម្មភាព, រីឯក្នុងបូរីមានសន្តិសុខយាមត្រឹមត្រូវតែពួកគាត់ដើរល្បាតតែខាងមុខផ្ទះប៉ុណ្ណោះមិនបានដើរទៅខាងក្រោយផ្ទះនោះឡើយហើយម្យាងទៀតជុំវិញផ្ទះជនរងគ្រោះ គ្មានបំពាក់កាម៉េរ៉ាសុវត្ថិភាពទេ៕





