សៀមរាប: លោកអភិបាលស្រុកបន្ទាយស្រីបានអះអាងថា សំណង់គ្មានច្បាប់ដែលសង់នៅអមសងខាងផ្លូវឡើងលើភ្នំគូលែនត្រូវតែបន្តរុះរើរហូតអស់ទាំងស្រុងព្រោះជាតំបន់ឧទ្យានជាតិ។
ការអះអាងនេះគឺក្រោយរដ្ឋបាលស្រុកបានប្រជុំត្រៀមលក្ខណៈដោះស្រាយបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ទ្រង់ ទ្រាយធំក្នុងស្រុកបន្ទាយស្រីដើម្បីជាមូលដ្ឋានឈានទៅដល់ការបញ្ចប់វិវាទរ៊ាំរ៉ៃជាច្រើនដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់នាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០នេះបានថ្លែងតាមទូរសព្ទ័ថារដ្ឋាភិបាលកំពុងធ្វើសិក្សាកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋ។
រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រុងប្រៀបប្រមូលនិងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់អោយបានគ្រប់ជ្រុងជ្រោយជាមុនសិនដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូចនិងសកម្ម ជនដីធ្លីមួយចំនួនយកលេសនេះមកទាមទារចំណែកអោយអាជ្ញាធរដោះបស្រាយជូនដែរ។
លោកបន្តថាបញ្ហាដែលរដ្ឋបាលស្រុកត្រូវតែគ្រប់គ្រងអោយបានក្នុងពេលនេះគឺកំណត់មុខសញ្ញាជនឱកាសនិយមនិងសកម្មជនដីធ្លីដែលក្លែងបន្លំជាជនក្រីក្ររឺគ្រាន់តែសំអាងមូលហេតុផ្សេងៗហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋរួចទាមទារអោយអាជ្ញាធរទទួលស្គាល់ទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែមការដាំដំណាំរឺសាងសង់សំណង់ថ្មីៗដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកហើយសកម្មភាពទាំងនេះទាំងចាស់ថ្មីនឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់។
ដើម្បីត្រៀមលក្ខណៈទុកជាមុនរដ្ឋបាលស្រុកបានតម្រូវឲ្យមេភូមិមេឃុំសហការជាមួយតំណាងរដ្ឋបាលព្រៃឈើនិងតំណាងក្រសួងបរិស្ថានចុះស្រង់ទិន្នន័យ។
ពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀលនិងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាលដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន(៤)ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយដីដែលមិនមានទំនាស់ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់និងអត្តសញ្ញាណច្បាស់លាស់ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ។
លោកអភិបាលស្រុកថ្លែងបញ្ជាក់ថាបើទោះបីជាត្រូវសិក្សាដើម្បីដោះស្រាយទំនាស់រ៉ាំរ៉ៃដែលអូសបន្លាយច្រើនឆ្នាំនៅក្នុងស្រុកនេះប៉ុន្តែចំពោះសំណង់ខ្ទមនិងផ្ទះដែលសាងសង់អមសងខាងផ្លូវឡើងទៅលើខ្នងភ្នំគូលែនខុសច្បាប់ទាំងនោះ គឺនៅតែបន្តរុះរើចេញរហូតអស់ទាំងស្រុង។
ពីព្រោះតំបន់នោះជាឧទ្យានជាតិភ្នំគូលែនកាលពីកន្លងទៅ រដ្ឋបាលស្រុកបានចាត់វិធានការរុះរើអស់៤៩ខ្នងរួចមកហើយចឹងទេសំណង់ដែលនៅសល់មិនថាតូចឬធំ ផ្ទះឬខ្ទមគឺត្រូវតែចាត់វិធានការ។
លោកបានបញ្ជាក់ថារយះពេល៩ខែក្នុងអាណ័ត្តដែលរូបលោកជាអភិបាល ស្រុក មិនមានការសាងសង់ថ្មីនោះទេ។
សូមបញ្ជាក់ថាសំណង់ខុសច្បាប់ដែលរីកដុះរាលដូចផ្សិត ទាំងនោះគឺកើតមុនពេលរូបលោកទើបឡើងជាអភិបាល ស្រុកបន្ទាយស្រី៕


