ភ្នំពេញ: ថៅកែ ទិញ លក់ម៉ាស់ ត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់អោយចាប់ខ្លួនដោយមានពាក់ព័ន្ទបទល្មើសឆបោកប្រាក់ប្រមាណ៣០មុឺនដុល្លារអាមេរិកដែលជនរងគ្រោះកុម៉ង់ទិញម៉ាស់យកមកលក់បន្ដប៉ុន្ដែមិនបានម៉ាស់យកមកលក់តាមការសន្យាទើបពួកគាត់ចេញមុខប្ដឹងតុលាការតែម្ដង ។
កងកម្លាំងសមត្តកិច្ចការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការបញ្ជូនជនសង្ស័យឈ្មោះ អ៊ុយ សាមាន ភេទប្រុសអាយុ៣៣ឆ្នាំអាសយដ្ឋានស្នាក់នៅមិនពិតប្រាកដមកកាន់តុលាការដើម្បីធ្វើការសាកសួរ ។
រហូតមកដល់ថ្ងៃទី១៣សីហាឆ្នាំ២០២០នេះតំណាងអយ្យការអមតុលាការលោក ឡុង ជាប ព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ឈ្មោះ អ៊ុយ សាមាន ពីបទ(ឆបោក)និងបញ្ជូនអោយចៅក្រមចាត់ការបន្តតាមច្បាប់ ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅក្នុងអំឡងពេលដែលពិភពលោកបាននឹងកំពុងកើតមានជម្ងឺឆ្លងរាលដាលវីរុសកូវីដ.១៩ ជនសង្ស័យបានទទួលយកលុយកក់ពីដើមបណ្តឹងប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិកដែលគេកុំម៉ង់ទិញម៉ាសសម្រាប់យកមកលក់និងចែកចាយក្នុងប្រទេស ។
ប៉ុន្តែក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះជនសង្ស័យមិនបានគោរពតាមការសន្យាទេថែមទាំងគេចវេសមិនព្រមចូលខ្លួនដោះស្រាយបំណុលនោះទៀតផងដូច្នោះហើយបានធ្វើឲ្យដើមបណ្តឹងប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធដល់ការចោទប្រកាន់នេះលោក អ៊ុយ សាមាន បានសារភាពថាលុយទាំងអស់នោះខ្លួនបានយកទៅកក់ឲ្យថៅកែនៅប្រទេសថៃរហូតមកដល់ពេលនេះថៅកែថៃក៏មិនទាន់បានឲ្យម៉ាសមកខ្លួនដែរទើបខ្លួនមិនមានទំនិញប្រគល់អោយអតិថិជនរបស់ខ្លួន ៕
