គណៈកម្មការអឺរ៉ុបបានជូនដំណឹងថាការដក២០ភាគរយ ឬ១ភាគ៣នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបានចូលជាធរមានហើយចាប់ពីថ្ងៃទី១២ខែសីហាឆ្នាំ២០២០នេះទៅ។
ទន្ទឹមនឹងនេះគណៈកម្មការអឺរ៉ុបនៅផ្តល់ឱកាសដល់កម្ពុជា ដែលអាចទទួលបាន EBA ២០ភាគនោះមកវិញបើកម្ពុជាធ្វើតាមសំណូមពររបស់គណៈកម្មការអឺរ៉ុប។
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១២ខែសីហាឆ្នាំ២០២០គណៈកម្មការអឺរ៉ុបជូនសារមកថា៖«បើរដ្ឋាភិបាលកម្ពុជាបង្ហាញការវិវឌ្ឍគួរកត់ឲ្យសម្គាល់ណាមួយលើ [ការគោរព] សិទ្ធិនយោបាយនិងសិទ្ធិស៊ីវិលគណៈកម្មការអឺរ៉ុប នឹងពិចារណាជាថ្មីពីសេចក្តីសម្រេច [នៃការដក EBA ២០ភាគរយនេះ]ហើយអាចនឹងផ្តល់ជូនEBAដូចដើមវិញ»។
សារព័ត៌មានយេីងមិនអាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានទេដោយសារតែលោកទាំងពីរមិនទទួលការហៅចូល។
យ៉ាងណាលោក ផៃ ស៊ីផាន និយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០២០ថារដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដដែលគឺមិនធ្វើឲ្យបាត់បង់អធិបតេយ្យនិងឯករាជ្យជាតិដោយសារតែចង់បាន EBA ២០ភាគរយនោះទេ។
លោកថ្លែងថា៖«យើង មិនអាចលុតជង្គត់ដើម្បីសុំទានគេក្នុងការធ្វើឲ្យយើងបោះបង់ចោលនូវអធិបតេយ្យភាពនិងឯករាជ្យភាពទេព្រោះអធិបតេយ្យភាពនិងនិងរាជ្យភាពយើងខំប្រឹងយូរណាស់ហើយយើងចំណាយជីវិតមនុស្សច្រើនណាស់ ដែលបានរហូតមកដល់ពេលនេះ…»។
សម្រាប់លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញការដក EBA ២០ភាគរយពីកម្ពុជាហាក់មិនសូវធំដុំឡើយ។
លោកសរសេរក្នុងបណ្តាញទំនាក់ទំនាក់តេឡេក្រាមដែលប្រមូលផ្តុំដោយអ្នកកាសែតនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២០ថា៖«ការកាត់ EBA ២០ភាគរយដូចអត់បាត់អ៊ីចឹងដោយសារការនាំចេញផលិតផលពីកម្ពុជាចូលទៅអឺរ៉ុបនៅតែមានមិនអាចយកឯករាជ្យអធិបតេយ្យភាពជាតិទៅដោះដូរជាមួយ EBA ទេ»។
ការផ្តាច់EBA២០ភាគរយមានន័យថាកម្ពុជាត្រូវបង់ពន្ធលើមុខទំនិញប្រមាណ២០ភាគរយពេលនាំចូលទៅទីផ្សារអឺរ៉ុប។
គណៈកម្មការអឺរ៉ុបអះអាងថាការផ្តាច់ EBA ដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យកម្ពុជាប៉ះពាល់ខ្លាំងទៅលើការនាំចេញផលិតផលមួយចំនួនរួមមានសម្លៀកបំពាក់ស្បែកជើងរួមទាំងផលិតផលធ្វើដំណើរដូចជាវ៉ាលីនិងកាបូបជាដើមព្រមទាំងស្ករសផងដែរ។
គណៈកម្មការអឺរ៉ុបលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជាគួរតែស្តារសិទ្ធិសេរីភាពផ្នែកនយោបាយនិងប្រជាធិបតេយ្យឡើងវិញហើយក៏គួរតែចាប់ផ្តើមចរចាផ្ទៃក្នុងដែរ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ។
គណៈកម្មការអឺរ៉ុបក៏ទាមទារដែរថាកម្ពុជាគួរផ្តល់សិទ្ធិនយោបាយជូនអតីតគណបក្សប្រឆាំងឡើងវិញហើយគួរតែកែប្រែច្បាប់មួយចំនួនឲ្យមានភាពល្អប្រសើរដូចជាច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលជាដើម។
គណៈកម្មការអឺរ៉ុប មើលឃើញថាសិទ្ធិមនុស្សនៅកម្ពុជាដូចជាសិទ្ធិនយោបាយសិទ្ធិដីធ្លីនិងសិទ្ធិការងារជាដើមកាន់តែមានសភាពយ៉ាប់យ៉ឺនហេតុដូច្នេះទើបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
គណៈកម្មការអឺរ៉ុបចំណាយពេលដល់ទៅមួយឆ្នាំកន្លះមុននឹងឈានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។
នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៩គណៈកម្មការអឺរ៉ុបបានចាប់ផ្តើមនីតិវិធីដំបូងនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
មួយឆ្នាំក្រោយមកគឺនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០គណៈកម្មការអឺរ៉ុបក៏សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយ។
ការសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ មិនទាន់ចូលជាធរមានឬមិនទាន់អនុវត្តភ្លាមៗនោះទេដោយទុកពេល៦ខែឲ្យកម្ពុជាចរចា។
ប៉ុន្តែការចរចារវាងកម្ពុជានិងអឺរ៉ុបក្នុងរយៈពេល៦ខែមកនេះ មិនបានឈានដល់ចំណុចយល់ស្របគ្នាឡើយ។
អ្វីដែលអឺរ៉ុបចង់បានគឺទាមទារឲ្យកម្ពុជាស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញតែកម្ពុជាបកស្រាយថាកម្ពុជាគ្មានបញ្ហាសិទ្ធិមនុស្សឬដើរខុសគន្លងប្រជាធិបតេយ្យនោះទេ។
ទីបំផុត៦ខែក្រោយមកសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបស្តីពីការផ្តាច់EBA២០ភាគរយពីកម្ពុជាក៏ចូលជាធរមាន នៅថ្ងៃទី១២ខែសីហាឆ្នាំ២០២០នេះ។
វិស័យឯកជនមួយចំនួនដូចជាសមាគមរោងចក្រកាត់ដេរនៅកម្ពុជាសមាគមស្បែកជើងកម្ពុជានិងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាជាដើមប្រឹងផ្ញើលិខិតរួមគ្នាទៅគណៈកម្មការអឺរ៉ុបម្តងជាពីរដងដើម្បីសុំឲ្យពន្យារពេលមួយឆ្នាំទៀតគឺសុំឲ្យចាំដល់ខែកុម្ភៈឆ្នាំ២០២១ចាំផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះ។
ស័យឯកជនទាំងនោះព្យាយាមបង្ហាញក្តីបារម្ភខ្លាំងរបស់ពួកគេពីផលប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជាដោយសារផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនេះតែសំណើនិងក្តីបារម្ភរបស់វិស័យឯកជនទាំងនោះមិនទទួលបាលទ្ធផលឡើយ។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១មកបច្ចុប្បន្នក្នុងតំបន់អាស៊ានមានប្រទេសកំពុងអភិវឌ្ឍតែ៣ប៉ុណ្ណោះគឺកម្ពុជាឡាវនិងមីយ៉ាន់ម៉ាដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA។
ប្រទេសណាដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) ប្រទេសនោះអាចនាំទំនិញគ្រប់មុខលើកលែងតែអាវុធទៅលក់នៅទីផ្សារអឺរ៉ុបដោយមិនបង់ពន្ធ៕
ប្រភព:thmeythmey


