បន្ទាយមានជ័យ: សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនាវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២០នៅអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ។
មុនពេលកើតហេតុលោក បាន សំរេច បានឲ្យដឹងថាគាត់បានទៅថែរក្សាជំងឺម្តាយនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីគាត់បានយកអង្រឹងទៅចងនឹងភ្នាក់ដៃជញ្ជាំងថ្មនៃយ៉ខាងមុខអគារមួយរួចអង្គុយយោលជាមួយកូនតូចឈ្មោះ សំរេច សៀវអា អាយុ១ឆ្នាំឯកូនម្នាក់ទៀតឈ្មោះ សំរេច សៀវអឺ អាយុ៦ឆ្នាំនៅឈរលេងក្បែរចុងអង្រឹងនោះស្របពេលនោះស្រាប់តែជញ្ជាំងថ្មដែលមានបណ្តោយ ១.២ម៉ែត្រនិងទទឹង១ម៉ែត្របានបាក់សង្កត់ទៅលើកូនឈ្មោះ សៀវអឺ បណ្តាលឲ្យស្លាប់តែម្តង។
ស្របពេលនោះបុគ្គលិកពេទ្យបានណែនាំហើយហាមអ្នកជំងឺនិងអ្នកកំដរតោងឬអង្គុយឬចងអង្រឹងលើបង្កាន់ដៃអគារនោះព្រោះបារម្ភគ្រោះថ្នាក់បន្តប៉ុន្តែអ្នកជំងឺ និងក្រុមគ្រួសារបានរិះគន់ថាករណីនេះអង្គភាពមន្ទីរពេទ្យគួរតែសរសេរផ្លាកបង្ការគ្រោះថ្នាក់និងហាមប៉ះពាល់បង្គាន់ដៃនោះឬក៏ជួសជុលជាមុនដើម្បីកុំឲ្យមានគ្រោះថ្នាក់ដូច្នេះ។
ទោះជាយ៉ាងណាក្រោយគ្រោះថ្នាក់នោះខាងគ្រូពេទ្យបានខ្នះខ្នែងជួយសង្គ្រោះកុមាររងគ្រោះដែរ ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេកមិនអាចជួយបានជាបន្ថែមទៀតមន្ទីរពេទ្យបានចាត់តំណាងឲ្យទៅចូលរួមបុណ្យសពនិងចូលបុណ្យ១លានរៀលដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឲ្យដឹងថាករណីនេះ មន្ទីរមិនបានទទួលសេចក្តីរាយការណ៍ភ្លាមៗទេហើយទើបតែដឹងនៅពេលនេះគឺជួនជាសមត្ថកិច្ចជំនាញយុត្តិធម៌បានបិទសំណុំរឿងទៅហើយ។
មន្ត្រីនគរបាលស្រុកមង្គលបុរី និងនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីបាក់បង្កាន់ដៃភ្នាក់ដៃជញ្ជាំងយ៉នៃអគារមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី បង្កសង្កត់ស្លាប់កូនក្មេងនោះ ត្រូវបានសមត្ថកិច្ចអង្កេតស្រាវជ្រាវលម្អិត ហើយបានលទ្ធផលថា ជាគ្រោះថ្នាក់ដោយឧបទ្ទហេតុ មិនមែនបង្កដោយមនុស្សឡើយ ហេតុនេះបានជាសមត្ថកិច្ចបិទសំណុំរឿងតែម្តង៕

