ភ្នំពេញ: ក្រោយពីមានករណីដាច់ជណ្តើរយោងធ្លាក់ស្លាប់កម្មករម្នាក់និងរបួសធ្ងន់ម្នាក់កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២០ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញដឹកនាំក្រុមការងារចម្រុះចុះផ្អាកការដ្ឋានសាងសង់មួយកន្លែងដែលស្ថិតនៅផ្លូវលេខ២០០សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ ។
បើតាមរបាយការណ៍របស់អាជ្ញាធរបានបញ្ជាក់ថាការដ្ឋានសំណង់មួយនេះមានលិខិតអនុញ្ញាតសាងសង់ចេញដោយសាលារាជធានីភ្នំពេញចុះថ្ងៃទី១៧ខែមករាឆ្នាំ២០១៩និង លិខិតបើកការដ្ឋាន ។
បច្ចុប្បន្នការដ្ឋានបានសាងសង់១១ជាន់ត្រឹមត្រូវទៅតាមលិខិតអនុញ្ញាតសាងសង់ហើយជាវិធានការចំពោះករណីនេះ អាជ្ញាធរសម្រេចដោយ
១-ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។
២-ម្ចាស់ការដ្ឋានត្រូវចូលដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសពនិងគ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។
៣-មិនអនុញ្ញាតអោយក្រុមជាងនិងកម្មករស្នាក់នៅក្នុងការដ្ឋានក្នុងអំឡុងពេលផ្អាកការសាងសង់បណ្តោះអាសន្ននេះឡើយ ។
៤-ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពការដ្ឋានឡើងវិញអោយបានត្រឹមត្រូវ ។
៥-បន្ទាប់ពីម្ចាស់ការដ្ឋានបានអនុវត្តតាមចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើបានចប់សព្វគ្រប់ហើយម្ចាស់ការដ្ឋានសំណង់ត្រូវដាក់ពាក្យស្នើសុំបើកការដ្ឋានឡើងវិញពីរដ្ឋបាលខណ្ឌដូនពេញ ។
សូមបញ្ជាក់ថាចំពោះករណីនេះមិនមានវត្តមានម្ចាស់ការដ្ឋាន ឬតំណាងម្ចាស់ការដ្ឋានចូលមកសហការជាមួយអាជ្ញាធរសាលាខណ្ឌដូនពេញក្នុងការធ្វើកំណត់ហេតុផ្អាកទីតាំងសំណង់នោះទេ ៕






